ជ្រើសរើសភាសា: Khmer Khmer English English
ពិធីបើក «វេទិកាបរធនបាលកិច្ច ឆ្នាំ២០២៦» ក្រោមមូលបទ «បរធនបាលកិច្ច ក្នុងជវភាពនៃប្រព័ន្ធតួអង្គតែមួយ និងសមិទ្ធផលក្នុងរយៈពេល ៥ឆ្នាំ»
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី០៤ ខែសីហា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ​ ៦រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ, លោក ព្រំឈឹម ធនុ អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមក្នុងពិធីបើក «វេទិកាបរធនបាលកិច្ច ឆ្នាំ២០២៦» ក្រោមមូលបទ «បរធនបាលកិច្ច ក្នុងជវភាពនៃប្រព័ន្ធតួអង្គតែមួយ  និងសមិទ្ធផលក្នុងរយៈពេល ៥ឆ្នាំ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។
កម្មវិធីនេះ ក៏មានការបញ្ចាំងវីដេអូស្ដីពី “សមិទ្ធផលក្នុងរយៈពេល ៥ ឆ្នាំ ក្នុងវិស័យបរធនបាលកិច្ច”, ពិធីប្រគល់ពានរង្វាន់ និងបណ្ណសរសើរជូនដល់ប្រតិបត្តិករ បុគ្គលផ្ដល់សេវាពាក់ព័ន្ធ ដៃគូសហប្រតិបត្តិការ និងអង្គភាពសារព័ត៌មានឆ្នើម ប្រចាំឆ្នាំ២០២៥ ព្រមទាំងកិច្ចពិភាក្សាសំខាន់ៗចំនួន ៤ ស្ដីពី៖ 
១-គម្រោងអភិវឌ្ឍខេត្តប៉ូលសេដ្ឋកិច្ច និងយន្តការបរធនបាលកិច្ចក្នុងការទាក់ទាញវិនិយោគ
២-ការបង្កើតបរធនបាលកិច្ចគ្រួសារក្នុងបរិបទសង្គមកម្ពុជា
៣-ការគ្រប់គ្រងហានិភ័យ និងកិច្ចគាំពារវិនិយោគិន
៤-ការចាប់យក និងប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យបរធនបាលកិច្ច។
ជារួម វេទិកា “បរធនបាលកិច្ច ឆ្នាំ២០២៦” បានបង្ហាញពីសមិទ្ធផល និងសក្តានុពលរបស់វិស័យបរធនបាលកិច្ច ព្រមទាំងបានបង្កើតជាវេទិកាសម្រាប់រាជរដ្ឋាភិបាល និយ័តករ វិស័យឯកជន និងអ្នកជំនាញ រួមគ្នាផ្លាស់ប្ដូរទស្សនៈ និងផ្ដល់អនុសាសន៍ដែលអាចអនុវត្តបាន ដើម្បីជំរុញការអភិវឌ្ឍវិស័យប្រកបដោយភាពធន់ ទំនុកចិត្ត និងចីរភាព។
វេទិកា​នេះ​ មានគោលបំណងផ្សព្វផ្សាយគោលនយោបាយ​របស់រាជរដ្ឋាភិបាល​  យន្តការបរធនបាលកិច្ចក្នុង​ក្របខណ្ឌ​គោលនយោបាយ​ ដើម្បីគាំទ្រ​ និង​ ទាក់ទាញ​វិនិយោគិនមក​កម្ពុជា​ និងដើម្បីប្រមូលផ្ដុំថ្នាក់ដឹកនាំ តំណាងក្រសួង-ស្ថាប័ន អ្នកជំនាញជាតិ និងអន្តរជាតិ ប្រតិបត្តិករ និងតួអង្គពាក់ព័ន្ធក្នុងវិស័យបរធនបាលកិច្ច ដើម្បីភ្ជាប់បណ្ដាញទំនាក់ទំនង ផ្លាស់ប្ដូរទស្សនៈ ចំណេះដឹង និងបទពិសោធន៍អនុវត្ត ព្រមទាំងរួមគ្នាកំណត់ទិសដៅសម្រាប់បន្តអភិវឌ្ឍវិស័យបរធនបាលកិច្ចនៅកម្ពុជា ប្រកបដោយទំនុកចិត្ត អនុលោមភាព នវានុវត្តន៍ និងចីរភាព។

ព័ត៌មានទាក់ទង