ជ្រើសរើសភាសា: Khmer Khmer English English
សិក្ខាសាលាពិគ្រោះយោបល់លើ សេចក្តីព្រាងច្បាប់ ស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
អ្នកនិពន្ធ: ទៀង ចំណាន
កាលបរិច្ឆេទ: ថ្ងៃពុធ ទី៣០ ខែមេសា ឆ្នាំ ២០២៥

នាថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមេសា គ.ស. ២០២៥ , លោកស្រី ហេង សុទិនី ប្រធានការិយាល័យថវិកាថ្នាក់ក្រោមជាតិ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើ សេចក្តីព្រាងច្បាប់ ស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជូ គឹមឡេង រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ សិក្ខាសាលានេះដែរ មានការអញ្ជើញចូលរួមពី​ ឯកឧត្ដមបណ្ឌិត វង់ សណ្តាប់ រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ,​ ឯកឧត្តម ចាន់​ សុធា​ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ​ និងជាប្រធាន​លេខាធិការដ្ឋាន​ គ.ជ.អ.ប​,​ ឯកឧត្តម​ ស៊ាង​ ផល្លា​ អនុរដ្ឋលេខាធិការ​ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិត កែវ បេងវឌ្ឍន៍ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ​,​ ឯកឧត្តម​ លោកជំទាវ​ មកពីអគ្គនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទ​ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​,​ តំណាងអភិបាលនៃគណ:អភិបាលរាជធានី​ ខេត្ត​ ក្រុង​ ស្រុក​ ខណ្ឌ​ និងឃុំ​ សង្កាត់​ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរតនាគាររាជធានី ខេត្ត ផ្ទាល់​ និងតាមរយ:ប្រព័ន្ធអនឡាញ​ Zoom សរុបចំនួនប្រមាណ​ ៦០០​ នាក់។ ទន្ទឹមនឹងនេះ ស្របតាមច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ឆ្នាំ២០២៣, សេចក្តីព្រាងច្បាប់ថ្មីនេះ ត្រូវបានគិតគូរយ៉ាងគត់ហ្មត់ ដោយផ្អែកលើគោលការណ៍គន្លឹះសំខាន់ៗ រួមមាន៖
 (១). ការបន្តពង្រឹងភាពជឿទុកចិត្តបាននៃថវិកា គណនេយ្យភាពហិរញ្ញវត្ថុ ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ និងគណនេយ្យភាពសមិទ្ធកម្ម ដែលជាសសរស្តម្ភទាំង៤ នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
 (២). ការរក្សាតុល្យភាពនៃការអនុវត្តល្អរបស់កម្ពុជា
 (៣). ការសិក្សា ពិនិត្យ និងថ្លឹងថ្លែងជាមួយនឹងការអនុវត្តល្អជាអន្តរជាតិ និងបណ្តាប្រទេសក្នុងតំបន់. ដែលប្រព្រឹត្តធ្វើនៅសណ្ឋាគារសុខាភ្នំពេញ៕

ព័ត៌មានទាក់ទង