(ភ្នំពេញ)៖ ថ្ងៃពុធ ៣កើត ខែមាឃ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦, លោក មាស សុខសុដម មន្ត្រី ការិយាល័យទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើរបាយការណ៍សិក្សាចំនួន ៣ ដែលជាការសិក្សាប្រមូលធាតុចូលសម្រាប់ការការរៀបចំរបាយការណ៍វឌ្ឍនភាពប្រចាំឆ្នាំ២០២៥ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងសាធារណៈ ដំណាក់កាលទី៤ “គណនេយ្យភាពសមិទ្ធកម្ម”។
សិក្ខាសាលានេះ រៀបចំឡើងក្រោមអធិបតីភាព លោកបណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ លោក រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ., អមដោយ លោក អ៊ុំ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃ បណ្ឌិតទីប្រឹក្សា និងមន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញ នៃ អ.គ.ហ. ព្រមទាំង មានការចូលរួមពី លោក លោកស្រី ជាតំណាងមកពីគ្រប់អង្គភាពក្រោមឱវាទ កសហវ. រួមទាំងមន្ទីរ សហវ. ទាំង២៥ រាជធានី-ខេត្ត និងក្រសួង-ស្ថាប័ន រាជធានី-ខេត្ត សរុបប្រមាណ ២០០រូប។
គួរបញ្ជាក់ផងដែរថា របាយការណ៍សិក្សាទាំង ៣ នេះ ត្រូវបានរៀបចំដើម្បីកំណត់ការងារអាទិភាព នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឆ្នាំ ២០២៦ ជាពិសេសការផ្សារភ្ជាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ទៅនឹងការផ្ដល់សេវាជូនប្រជាពលរដ្ឋ និងការអនុវត្តឱ្យបានជាមូលដ្ឋាននូវប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្ម ស្របទៅតាមចក្ខុវិស័យកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ក្នុងន័យនេះ លទ្ធផល នៃការសិក្សានេះ នឹងក្លាយជាធាតុចូលដ៏សំខាន់ក្នុងរបាយការណ៍វឌ្ឍនភាពប្រចាំឆ្នាំ២០២៥ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ «គណនេយ្យភាពសមិទ្ធកម្ម» ដែលគ្រោងនឹងដាក់ឆ្លងគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅដើមខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខ។