ខេត្តសៀមរាប, នាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា គ.ស.២០២៦, លោកស្រី ហេង សុទិនី អនុប្រធានមន្ទីរ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត អមប្រធានការិយាល័យ ១រូប និងអនុប្រធានការិយាល័យ ១រូប បានចូលរួមសិក្ខាសាលាពង្រឹងសមត្ថភាពជូនថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត លើការពិនិត្យ និងផ្តល់យោបល់លើការផ្តល់ការលើកទឹកចិត្តក្រោមយន្តការអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត (អ.គ.វ.រ.ខ) ក្រោមអធិបតីភាព ឯកឧត្តម អ៊ឹម សុខធី អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋានក្រុមការងារអភិវឌ្ឍវិស័យឯកជន។ សិក្ខាសាលានេះ ធ្វើឡើងនៅសណ្ឋាគារ Empress Angkor Hotel ខេត្តសៀមរាប និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលខេត្ត អភិបាលរងខេត្ត និងលោក លោកស្រី ប្រធានមន្ទីរ អង្គភាព ពាក់ព័ន្ធ សរុបចំនួន ១៧ មន្ទីរ-អង្គភាពជាសមាជិក ។
គោលបំណង និងសារៈសំខាន់នៃសិក្ខាសាលាសិក្ខាសាលានេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន និងការពិនិត្យសំណើនានា លើការផ្តល់ការបណ្តុះបណ្តាលស៊ីជម្រៅលើនីតិវិធីនៃការពិនិត្យ និងវាយតម្លៃសំណើនាំចូលសម្ភារៈសាងសង់ បរិក្ខារផលិតកម្ម និងធាតុចូលផ្សេងៗ។ ម្យ៉ាងទៀតយន្តការលើកទឹកចិត្ត ដោយផ្តោតលើការផ្តល់ការលើកទឹកចិត្តផ្នែកពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋ ដល់គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ល.គ.) ដែលបានចុះបញ្ជីនៅថ្នាក់ក្រោមជាតិ។