ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំស្តីពីការធ្វើបច្ចុប្បន្នភាពទីតាំងដីរដ្ឋ ដែលបានចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ របស់ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីរៀបចំវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ ២០២៦

នាព្រឹកថ្ងៃអង្គារ ៧រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារសុខាភ្នំពេញ, លោក ព្រំឈឹម ធនុ អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត អមដោយមន្រ្តីជំនាញ បានចូលរួមកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ស្ដីពីការបច្ចុប្បន្នភាពទីតាំងដីរដ្ឋ ដែលបានចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីរៀបចំវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ឈន សុភាព រដ្ឋលេខាធិការ នៃកសហវ. និងជាសហប្រធានគណៈកម្មការអន្តរក្រសួង។
កិច្ចប្រជុំត្រូវបានរៀបចំឡើងក្នុងគោលបំណង៖
១- បូកសរុបវឌ្ឍនភាព និងបញ្ហាប្រឈម នៃការធ្វើប័ណ្ណ​​​កម្មសិទ្ធិដីរដ្ឋ ដែលបានចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ក្នុងក្របខ័ណ្ឌគណៈកម្មការអន្តរក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គ.ដ.ប.អ.)
២- ពិនិត្យ និងពិភាក្សាលើតម្រូវការនៃការប្រមូល​ផ្ដុំ​ទិន្នន័យលម្អិត និងព័ត៌មានជាក់លាក់ពាក់ព័ន្ធនឹងទីតាំងដីរដ្ឋដែលមិនទាន់មានប័ណ្ណកម្មសិទ្ធិ ដើម្បីជាមូលដ្ឋានក្នុងការសម្របសម្រួល ពិនិត្យ និងលើកស្នើជាដំណោះស្រាយ
៣- ពិភាក្សា និងដាក់ចេញជាផែនការសកម្មភាពរបស់ ក្រុមការងារ នៃ គ.ដ.ប.អ និង​ គណៈកម្មការចំពោះកិច្ចតាមរាជធានី ខេត្ត ដើម្បីចុះ​សម្រប​​សម្រួល គាំទ្រ និងដោះស្រាយ​នៅតាមមូលដ្ឋាន។
កិច្ចប្រជុំ​​នេះដែរ មានការអញ្ជើញ​ដឹកនាំវេទិការពិភាក្សា​ និងសុន្ទរកថាបិទ ដោយ ឯកឧត្តម ឡោ ដាវុធ រដ្ឋលេខាធិការ នៃ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ និងជាសហប្រធាន​ គ.ដ.ប.អ. ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម នេត មុន្នី រដ្ឋលេខាធិការ កសហវ. , ឯកឧត្តម សួន សូផា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់, ឯកឧត្តមបណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការ កសហវ. និងជាអគ្គលេខាធិការរង នៃ អគ្គលេខាធិការដ្ឋានគណៈកម្មការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ., ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង-ស្ថាប័ន និងអភិបាលរង នៃគណៈអភិបាលរាជធានី-ខេត្ត និង លោក លោកស្រីប្រធាន អនុប្រធាន និងមន្ត្រីជំនាញ នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង​មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី​រាជធានី-ខេត្ត សរុបប្រមាណ ២៥០នាក់៕

ព័ត៌មានទាក់ទង